RSS

Category Archives: សារណា

ការផ្លាស់ប្តូរផ្នែកសង្គម និងភាសា : សិក្សាលើវណ្ណកម្មអតមៈរឿង ទុំទាវ

————————————————————————————————————————–

ការផ្លាស់ប្តូរផ្នែកសង្គម និងភាសា : សិក្សាលើវណ្ណកម្មអតមៈរឿង ទុំទាវ

ក្នុងទឹកដីខេត្តស្រិន្ទ្រ និងស៊្រីសៈកេត, រាជាណាចក្រថៃ

សេចក្តីផ្តើម

ភាសា និង​អក្សរ​សាស្ត្រ​ខ្មែរ​បាន​កើត​ឡើង​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ ពោល​គឺមានកំណើតស្មើនឹង​ប្រវត្តិសាស្រ្តខ្មែរដែរ។ រឿងរ៉ាវប្រវត្តិសាស្ត្រ​ ត្រូវ​បាន​កើតឡើងដោយសារការកត់ចំណាំដោយ​វិធី​ផ្សេងៗ​របស់ស្មេរ ដែល​សម័យ​នោះយើងក៏អាច​ឃើញ​មាន​ការវិវដ្តនៃការសរសេរ​ដោយ​ប្តូរ​ពីការចារឆ្លាក់​លើ​ផ្ទាំងថ្ម ស្បែកសត្វ​ មក​ជា​ការ​ចារលើ​ស្លឹក​រឹត ក្រាំង ក្រដាស ។[1] រហូតដល់សម័យ​ដែល​គេ​រក​ឃើញ​ការបោះពុម្ពមក កវី និង​ និពន្ធ​​​ខ្មែរ​ក៏​ចាប់ផ្ដើម​សរសេរ​អត្ថបទ​ក្រាំង ប្រវត្តិសាស្ត្រ សាស្ត្រាល្បែង ​ក្បួន ច្បាប់គម្ពីរ សំណេរផ្សេងៗ និង​ស្នាដៃអក្សរ​សិល្ប៍​ជា​ច្រើន​ដើម្បី​​ចូល​​​រួមចែក​រំលែក​ចំណេះ​ដឹង ក៏​ដូច​ជា​ដំបូន្មាន​ដល់​ជនជាតិខ្លួន​។​​

បើយោងតាមការស្រាវជ្រាវ និង​វិភាគ​យ៉ាងយកចិត្តទុកដាក់របស់​អ្នក​វិជ្ជាការ​ខ្មែរ និងបរទេស​បានទទួលលទ្ធផលវិជ្ជមាន ​និងភាពច្បាស់លាស់មួយដោយ​បាន​បញ្ជាក់ថា អក្សរសិល្ប៍ខ្មែរយើង​មាន​កំណើតតាំងតែ​ពីដើម​ប្រវត្តិសាស្ត្រ​គឺស្រប​ទៅនឹង​ការស្រាវជ្រាវ​របស់​បណ្ឌិត ​មីសែល​ ត្រាណេ បាន​បញ្ជាក់ថា មនុស្សខ្មែរ​មានភាសា និង​ជាតិសាសន៍របស់ខ្លួន​ដែលប្រកបដោយចំណេះដឹងតែងនិពន្ធ​យ៉ាងប៉ិន​ប្រសប់ ​និងទេពកោសល្យខ្ពស់ ហើយ​ជាភាសាជាតិមួយ​ដែលមាន​ឥទ្ធិពល​យ៉ាងខ្លាំងគ្រប់ដណ្តប់លើ​ដែនសុវណ្ណភូមិ​ចាប់តាំង​មិនទាន់​ភាសា​សៀម ​និងភាសាលាវ។[2]

ដូចដែល​បាន​ជម្រាបជូនត្រួសៗ​ខាងលើ បណ្តារឿងរ៉ាវ​ ដែលចារជា​សាស្ត្រា​ដែលសេសសល់មក​ដល់សម័យ​នេះ​ជា​ស្នាដៃកំពូល​ដែល​បានជះឥទ្ធិពល​យ៉ាងខ្លាំងទៅលើ​ជីវិតខ្មែរ​សម័យនោះ ​មិនថា​ជីវិតខ្មែរ​នៅទីតំបន់ណា ឬតំបន់ណាឡើយ “ទីណា​មាន​ជនជាតិខ្មែរ​ទីនោះ​មានភាសា និង​​អក្សរសិល្ប៍ខ្មែរនៅ​​ជាមួយ” ។​ សាស្ត្រាល្បែងក៏ដូចជាទិទាន​កថានានា​ត្រូវបានទិនានឡើងវិញពី​គ្រប់ៗមាត់​ដើម្បី​ជា​កិច្ចកែ​កំសាន្ត និង​កំដរ​បរិយាកាស​​​ផងដែរ។ ប៉ុន្តែ​រឿងរ៉ាវ​​ដែល​គួរឱ្យចាប់អារម្មណ៍​ និងកប់យ៉ាងជ្រាលជ្រៅ​ក្នុង​​បេះ​ដូងរបស់​ខេមរជន​​គ្រប់សម័យកាល​​​នោះគឺជាពាក្យ​កាព្យ (Poetry)  គឺចាប់តាំងពីមុនសម័យអង្គរ ក្រោយអង្គរ និងសម័យបច្ចុប្បន្នរហូត​អក្សរសិល្ប៍​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើបញ្ញាញាណរបស់​ប្រ​ជារាស្ត្រ​ខ្មែរ។  ទន្ទឹមនឹងនេះដែរ​​  អត្ថបទវិភាគអក្សរសិល្ប៍របស់លោក វ៉ាន់ ឌីកាអុន បានបង្ហាញថា​រឿង​ទុំទាវ​ ជាស្នាដៃអមតៈ​មួយ​ដែលបានលាត្រដាងនូវទិដ្ឋភាពសង្គមខ្មែរ​នៅកំឡុងឆ្នាំ១៩១៥​។[3]

អក្សរសិល្ប៍​ក៏ដូចជាវណ្ណកម្មជាកំណាព្យកវី​បាន​បង្កើតសំណេរ​​របស់ខ្លួន​បាន​ច្រើន​បែប​យ៉ាង​ផងដែរ។  តាមរយៈការសិក្សា​បានទទួលលទ្ធផល​មួយយ៉ាង​ជាក់លាក់​ហើយ​បាន​សន្មត​ថា “អក្សរសិល្ប៍​ជាកញ្ចក់​ឆ្លុះបញ្ចាំងទិដ្ឋភាព​សង្គម” [4] អក្សរសិល្ប៍​គឺ​ជាកំណត់ត្រា​ និង​ជាភស្តុតាង​របស់សង្គមនីមួយៗ ហើយ​កវី​អ្នក​និពន្ធដែល​ជាមា្ចស់វណ្ណ​កម្ម​នាសម័យ​នោះ​ជា​សក្សី​សង្គម​មួយ​យ៉ាងសំខាន់ មិនតែប៉ុណ្ណោះឥទ្ធិពល​ទាំងនេះ​បាន​បង្ហាញយ៉ាងច្បាស់ពី​វណ្ណៈ​សង្គមផងដែរ។ ដោយសារអក្សរសិល្ប៍​មាន​ឥទ្ធិពល​យ៉ាងខ្លាំងទៅលើសង្គម​ខ្មែរ​បែបនេះហើយ ​ទើបស្នាដៃ​អក្សរសិល្ប៍ទាំង​ឡាយ​បាន​ផ្សព្វផ្សាយស្ទើរពេញ​ដែនសុវណ្ណភូមិ។

តាមរយៈរឿងទុំទាវ ដែល​បាន​កំពុង​តែ​ពូនសម្ងំ​ផ្ញើ​ជីវិត​នៅ​ជាមួយ​បង​ប្អូន​ខ្មែរ​ដើម​នៅ​តំបន់ខេត្តស្រិន្ទ្រ​ និង​ស្រ៊ីសៈកេត បាន​រួមចំណែក​យ៉ាងខ្លាំង​ក្នុងកិច្ច​ការ​ពារថែរក្សាភាសា និង​វប្បធម៌សង្គម​​ដល់មនុស្ស​ខ្មែរ​នៅតំបន់​នេះ​យ៉ាង​មាន​ភារៈ។  សហគមន៍ខ្មែរនៅទីនេះ​បាន​យក​អក្សរ​សិល្ប៍​វណ្ណកម្ម​អមតៈ​​វ័យ​ចំណាស់​មួយ ដែល​​មាន​លក្ខណៈប្លែក​ពី​វណ្ណកម្មរឿង ទុំទាវ ​នៅ​ដែល​ក្រសួង​អប់រំយុវជន​​ និងកីឡាយក​មក​ប្រើ​ប្រាស់​ក្នុង​ការ​បង្រៀនភាសា និង​អក្សរសិល្ប៍​ដល់កុលបុត្រ​ខ្មែរ​នោះ​យ៉ាងណា?

យ៉ាងណាក៏​ដោយ​រឿងទុំទាវ ជា​មធ្យោបាយ​មួយ​យ៉ាងសំខាន់​ក្នុង​ការ​លើកស្ទួយ​ការ​រៀនភាសាខ្មែរ​​ដល់​កូនខ្មែរ​នៅ​តាម​បណ្តាសហគមន៍​ខ្មែរ​នៅ​នៅទីនេះ​យ៉ាងមាន​ប្រសិទ្ធិភាព។ លក្ខណៈសង្គម​សិល្បៈ និង​វប្បធម៌​បាន​​ជាសារ​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​បញ្ជ្រាបបញ្ញាញាណ​កូនខ្មែរឱ្យ​ស្គាល់ភាសាជាតិ ទោះ​បី​ជា​សង្គម​មួយ​បាន​កំពុង​តែ​បំបាត់ភាសាខ្លួនក៏ដោយ  ប៉ុ​ន្តែ​តាមរយៈការចេះចាំ​របស់​មនុស្សចាស់ ឳពុកម្តាយ​ យាយតា ដែល​បាន​និទាន​ដល់​ក្មេងជំនាន់ក្រោយ​បាន​ដឹង បាន​ស្តាប់។

តើអក្សរសិល្ប៍ខ្មែររឿងទុំទាវ ដែល​ជា​វណ្ណកម្ម​អមតៈ ​ប្រាកដ​ខ្លួន​នៅលើទឹក​ដី​នេះ​មាន​តួ​នាទី​អ្វី​ខ្លះ​ដល់​

ការ​រក្សាការពារ​ភាសា​ និង​សង្គម​ខ្មែរ ឱ្យ​ស្ថិតក្នុងការចងចាំរបស់​អ្នកនិយាយភាសាខ្មែរនៅបរទេសយ៉ាងណា? តើ​វណ្ណកម្ម​នេះ​មាន​សារសំខាន់ និងឥទ្ធិពលយ៉ាងណាដល់​ការផ្លាស់ប្តូរ​សហគមន៍​ពួកគេ?

១. បុព្វប្រវត្តិនៃវណ្ណកម្មអតមៈរឿងទុំទាវ

         ១.១ វត្តមានរឿងទុំទាវ​ លើទឹកដីស្រិន្ទ្រ និងស៊ី្រសៈកេត​

អក្សរសិល្ប៍ខ្មែរ​រឿង​​ ទុំទាវ ជាអមតៈវណ្ណកម្មរបស់អ្នក​និពន្ធ​ខ្មែរ​ព្រះបទុមត្ថេរ សោម កាលពីឆ្នាំ ១៩១៥ ហើយ​បាន​ជះឥទ្ធិពល​ទៅគ្រប់ទិសទី​​នៃប្រទេសកម្ពុជា និង​ប្រទេសជិតខាង។ ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវ​នៃសមាគម​ភាសា​ និង​វប្ប​ធម៌​ខេត្តស្រិន្ទ្រ​ បាន​ជួប​ប្រទះ​ស្នាដៃ​ក្រាំងរឿង ទុំទាវ នៅលើអតីត​ទឹក​ដៃ​ខ្មែរភាគឦសាន​​នេះផងដែរ គឺខេត្តស៊្រីសៈកេត និងខេត្តស្រិន្ទ្រ ដែល​ជាទឹកដីរបស់រាជាណាចក្រថៃបច្ចុប្បន្ន។   ក្រោយពីប្រទះឃើញសំណៅ​ក្រាំងរឿង ទុំទាវ អ្នកស្រាវ​ជ្រាវក៏​បានបន្ត​ចុះទៅ​ប្រមូលទិន្ន័យ​ពី​បងប្អូន​ប្រជាជនថៃ​មានកំណើត​ខ្មែរ​ដែល​កំពុងរស់នៅ​តំបន់នោះ ​លទ្ធផល​ដែលគួរចាប់អារម្មណ៍នោះ​គឺ​បងប្អូន​ប្រជាជន​នៅតំបន់​អាណាខេត្ត​ទាំង​ពីរ​នេះ​បាន​ចេះ​​ចាំរឿង ទុំ​ទាវ អាចស្មូត្រ ច្រៀង​ជាយីកេ ព្រឺន និងចាប៉ីដងវែងបានទៀតផង ដែលនេះ​ជាប្រការសំខាន់ដែលយើងអាចសន្និដ្ឋាន​បាន​ថា ភាសាខ្មែរ​ នៅមាន​ការប្រើប្រាស់យ៉ាងទួលាយ​ និង​មានសុពលភាព​ក្នុងការទំនាក់ទំនង​របស់សហគមន៍ខ្មែរ​ នៅលើទឹកដីនេះ។

ឆ្លងតាមប្រវត្តិរឿងរ៉ាវ និងរបកគំហើយថ្មីលើស្លាកស្នាម​ប្រវត្តិសាស្ត្រនៃអក្សរសិល្ប៍ខាងលើ​យើងអាចសរុប​បានថា ស្នាដៃអក្សរសិល្ប៍រឿង ទុំទាវ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើ​ស្រទាប់វណ្ណៈ​ជន​ជាតិខ្មែរ​​នាសម័យ​នោះរហូត​មកដល់បច្ចុប្បន្ន ហើយ​ជាវណ្ណកម្ម​អមតៈ​មិនអាចកាត់ថ្លៃ​បាន​ក្នុងប្រវត្តិ​អក្សរសិល្ប៍ខ្មែរ។ ដោយយល់ថា ស្នាដៃអក្សរសិល្ប៍​នេះមានប្រជាប្រិយភាព​  និងឥទ្ធិពលយ៉ាងខ្លាំង​ ហើយ​​ដោយយោងលើ​វត្តមាន​ស្នាដៃ រឿងទុំទាវ បាន​ដើរតួ​អ្វី​ខ្លះ​ក្នុង​ការ​ថែរក្សាភាសា និង​វប្បធម៌ខ្មែរនៅទីនេះ។ តើ​រឿង ទុំទាវ មកដល់ប្រទេសថៃដោយរបៀបណា តើបបងប្អូនដែលមានដើមកំណើតខ្មែរនៅលើទឹកដីនេះ មានការចងចាំ ហើយ​មាន​អ្វី​ខ្លះ​ដែល​ជា​ចំណុច​រសើប​នៃរឿង​នេះ​កាល​ពីសម័យនោះ។

ដូចដែល​បាន​ជម្រាបជូន​នៅខាងដើមរួចមកហើយថា សភាពសង្គម សិល្បៈវប្បធម៌របស់ខ្មែរ​នៅលើទឹកដីអតីតអាណាចក្រខ្មែរ​កំពុងតែ​ប្រឈមមុខ​នឹងភាព​បាត់បង់ទាំង​ស្រុង។ ជាភស្តុតាង​យើង​អាចសន្និដ្ឋាន​បានតាម​រយៈការប្រើប្រាស់ភាសា​របស់​បងប្អូន​ដែល​មាន​សាច់ឈាម​ជាខ្មែរ ​ឬខ្មែរដែល​គេចខ្លួន​ក្នុង​កំលុង​​សង្គ្រាម​​កម្ពុជា​ មាន​ប្រសាសន៍​ជារួមថា ភាសាខ្មែរ​និយាយ​បានតែ​ជន​ជាតិខ្មែរ​ដែល​មានអាយុចាប់ពី៦០ ឆ្នាំឡើងទៅ​ ហើយ​ពួកគេភាគ​ច្រើ​ន​​មិន​បាន​ប្រើ​ប្រាស់​ភាសា​ខ្មែរ​ជា​មួយ​កូន​ចៅនោះទេ ព្រោះ​លំបាក​ក្នុង​ការទំនាក់ទំនង។ [5] ជាងនេះ​ទៅទៀត​សង្គម​ខ្មែរ​​នៅ​តំបន់​ខេត្ត​ទាំង​ពីរ​នេះ​​បាន​ប្រឈមនឹងការគម្រាមកំហែង​យ៉ាងខ្លាំង​ពីវប្បធម៌​បរទេស​ផ្សំ​នឹង​ទំនើបកម្មរបស់សង្គមថៃផងដែរ។   យ៉ាងណាក៏ដោយ នៅ​​ខេត្ត​ទាំង​ពីរ​នេះ​នៅ​មិន​ទាន់ឱ្យ​មាន​ការបង្រៀន​ភាសាខ្មែរ​ណាមួយដល់ជនជាតិខ្មែរដើម​និយាយភាសាខ្មែរ ឱ្យទូលាយ​ខណៈដែល​ភាសាចិន និងភាសាផ្សេងៗទៀត​​មាន​សមាគម​ និងសាលារៀនសម្រាប់ភាសាទាំងនោះ​យ៉ាង​ច្រើន​ក៏ដោយ។

ទន្ទឹមនឹងកង្វះ​ខាតមូលដ្ឋាន​សម្ភារ ​និងការ​គម្រាមកំហែងពីវប្បធម៌ភាសាមកលើ​បងប្អូន​ខ្មែរ​នៅតំបន់​នេះក៏ដោយ​ ក៏ការខិតខំប្រឹង​ប្រែងថែរក្សាមរតកវប្បធម៌របស់ខ្មែរ​​ ហាក់កំពុងតែ​ក្រាញ​ននៀលឆ្ពោះ​ទៅរក​វឌ្ឍនភាពមួយនៅលើទឹ​កដីនេះ​ឱ្យដូចជាជាតិដដៃទៀត​ដែលកំពុងអាស្រ័យនៅទីនេះស្ទើរ​គ្រប់តំបន់ទូទាំង​ប្រទេស​។  ក្រៅពីការយកចិត្ត​ទុកដាក់​ផ្នែក​សិល្បៈ​វប្បធម៌​ពីសំណាក់រាជកា​រ​នៃខេត្ត​ទាំង​ពីរ​នេះ យើង​ឃើញ​មាន​ការទំនាក់ទំនង​ខាងផ្នែក​ភាសា សិល្បៈ​វប្បធម៌​របស់​ក្រុម​តន្ត្រី​ករខ្មែរ​នៅ​តំបន់នេះ​បាន​ទៅ​ទស្សនកិច្ច​សិក្សា​ និង​សម្តែង​សមត្ថភាព​របស់​ខ្លួន ​ដែល​ជា​ភូមិបញ្ញាខ្មែរពិត​ប្រាកដ​នៅលើទឹកដី​ព្រះរាជាណាចក្រកម្ពុជា​ផង​ដែរ។ នេះជាសារមួយដែលបាន​បង្ហាញ​ដល់បងប្អូនខ្មែរ ក៏ដូច​ជារដ្ឋាភិបាលក្នុងការជួយជ្រោមជ្រែងភាសាជាតិដល់បងប្អូនខ្មែរនៅទីនេះ។

បើយោងតាមការសិក្សាស្រាវជ្រាវ​រុក​រក​ឯសារក្រាំង និងសាស្ត្រា​ស្លឹករឹតភាសាខ្មែរ​ដែលមាន​​សេសសល់នៅតាម​វត្តអារាម គេហដ្ឋាន​​ប្រ​ជាជន​ខ្មែរ​នៅ​ខេត្តស្រិន្ទ្រ​ និង​ស៊្រីសៈកេត​នេះ​យើង​អាច​វាយ​តម្លៃ​ជាពីរករណី​គឺ ១) ភាសាខ្មែរ​ដែល​សេសសល់​នៅជាប់​ជីវិត​បង​ប្អូន​ជ​ន​ជាតិ​ខ្មែរ​ជានិច្ច​ក្នុង​ការ​ប្រើ​ប្រាស់​ទំនាក់ទំនងក្នុង​សង្គមថៃបច្ចុប្បន្ន។ ហើយ​ភាសាទាំង​អស់នេះ​ជា​ភាសា​ខ្មែរ​ដែល​នៅ​មិនទាន់​មានការវិវដ្តលាយលំនឹងភាសាសម័យ ឬភាសាប្រទេសលោកខាងលិច គឺ​នៅ​ទាំង​រូប​ទាំង​រស បើ​ទោះ​បី​មាន​ការ​លាយ​លំ​និង​ភាសា​សៀម​ខ្លះៗ​ក្នុង​ការ​ប្រើ​ប្រាស់​​ក៏ដោយ។ បង​ប្អូន​ប្រ​ជាជន​ខ្មែរ​ដែល​រស់​នៅ​ខេត្ត​ទាំង​ពីរ​នេះ​បាននឹង​កំពុង​ប្រឈមមុខផងដែរ​នូវ​ការ​បាត់​បង់​ភាសាកំណើត​របស់​ខ្លួន  ​ដោយ​ការ​គ្មានការយក​ចិត្ត​ទុក​ដាក់​ពី ពីអ្នកស្រាវជ្រាវ និងបណ្តា​អនុជន​ជំនាន់​ក្រោយពិសេស​ក្មេង​ៗខ្មែរ​ដែល​ឳពុក​​  ម្តាយ​​ចេះ​ចាំ​ភាសា​ខ្មែរ ហើយ​មិន​បាន​ប្រើប្រាស់​ជាមួយ​កូន​ចៅរបស់ខ្លួន។  ២) ភាសាខ្មែរ​ដែល​បាន​នឹង​កំពុង​សម្ងំ​ពូន​នៅតាម​បណ្តាវត្ត​អារាម​នានា​ក្នុង​តំបន់​នេះ​ត្រូវ​បាន​ថែរ​ក្សាតាម​រយៈ​ការ​ហាត់​អត្ថបទសូធ្យធម៌​ និងការរៀនបាលីរបស់​ព្រះ​ភិក្ខុសង្ឃ សាមណេរ​ដែល​​មាន​ឈាម​ជ័រ​ជា​​​​     ខ្មែរ។  ការថែរក្សានេះ​ក៏​ហាក់បី​ដូច​ជា​កំពុងតែ​រេចរិល​បន្តិចម្តងៗ ដោយ​គ្មាន​ការយកចិត្ត​ទុ​កដាក់របស់ព្រះ​សង្ឃ

និងពុទ្ធបរិស័ទខ្មែរ។ [6]

ទោះ​បី​ជា​ការគម្រាមកំហែង​ ការមិនយកចិត្ត​ទុក​ដាក់ និង​ហានិភ័យ​មក​លើ​ភាសា​នៅ​តំបន់​នេះ យើង​ក៏​នៅ​មាន​វត្ត​អារាមជា​ទី​ជម្រក​យ៉ាង​សម​រម្យ​ផង​ដែរ​សម្រាប់​​ភាសាខ្មែរ។ បណ្តា​ស្លឹករឹត​បុរាណទាំង​អស់​ដែល​ក្រុម​អ្នក​ស្រា​វ​ជ្រាវភាសា និង​វប្បធម៌​ខ្មែរ​ស្រិន្ទ្រ​បាន​ប្រមូល​ថត​ចម្លងគឺ​៩៩​ ភាគរយ​នៃ​ចំនួន​ដែល​បាន​ជួប​ប្រទះ​ជាភាសា​ខ្មែរ​ស​ម័យ​សតវត្សរ៍ទី១៨ [7] ហើយ​មាន​ទ្រង់ទ្រាយ​វាក្យសព្ទ​សំនួន​យ៉ាង​មាន​បែប​ផែន​។ និយាយ​រួម​គឺ​ជា​លក្ខណ៍ភាសាខ្មែរមួយ​ដែលមិនទាន់ច្បាស់​លាស់​នៅឡើយ ប៉ុន្តែ​ទម្រង់ការសរសេរបែបកាព្យ និង​វណ្ណកម្មសាសនា ក្នុង​នោះ​ក៏​មាន​ការលាយលំភាសាខ្មែរ​សម័យកណ្តាល​ ផងដែរ​នូវ​ចំនួន​ស្លឹករឹត​ដែល​ជួប​ប្រទះ​នៅកណ្តាល​ទីក្រុង​បាងកក។

យ៉ាងណាក៏ដោយ​យើងឃើញថា ក្នុងចំណោមស្នាដៃអក្សរសិល្ប៍បូរាណ​ និងទំនើបដែលជាមរតក   អមតៈនៃវណ្ណកម្មខ្មែរ​ក៏ត្រូវបាន​ខ្ចប់​ទុកនៅមួយផ្នែក​ពី​ជីវភាពខ្មែរ។ តាមការស្រាវជា្រវរបស់សមាគមភាសានិងវប្បធម៌ខ្មែរ កន្លងមក​យើងក៏បាន​ជួប​ប្រទះផងដែរនូវវណ្ណកម្មទំនើប វណ្ណកម្មសាសនា និង​និទាន​ជាច្រើន​ដែលបាន​ចារ​ទុកនៅលើស្លឹករឹត និងក្រាំងគម្ពីរផ្សេងៗ ហើយសុទ្ធតែ​ជាសំណេរភាសាខ្មែរ ដែលជាសាក្ខីភាព​បង្ហាញ​ឱ្យ​ឃើញ​ការថែរក្សាភាសាសិល្បៈ-វប្បធម៌របស់បងប្អូនខ្មែរសញ្ជាតិថៃ នៅលើទឹកដីភាគឦសាន្តនេះ។

១.២ ប្រវត្តិនៃការស្រាវជ្រាវរឿងទុំទាវ

“ទុំទាវ” វណ្ណកម្មអមតៈដែលបង្ហាញពី​ស្នេហាដ៏កម្សត់របស់សាមណេរមួយអង្គ​នាម​ទុំ និងនាង​ទាវ​ដែល​ជាកុលធីតា​ខ្មែរមួយ​រូប​មាន​សម្ផស្ស​រក​នារី​ផ្សេងផ្ទឹមគ្មាន​។ រឿង ទុំទាវ​ ជារឿង​ដែល​បាន​បង្ហាញ​ពី​ភាព​សំខាន់​ខាង​ផ្នែក​វប្បធម៌ អក្សរសាស្ត្រ វណ្ណៈសង្គម​ ដោយផ្ទៃ​រឿង​ទាំងមូលបាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ឯកសារ​ប្រវត្តិសាស្ត្រ​​ដែល​បញ្ជាក់ថា ជា​រឿង​ពិត​ដែល​បាន​កើត​ឡើង​ពិត​ក្នុង​ប្រវត្តិសាស្ត្រកម្ពុជា ហើយ​​បន្ទាប់​មក​រឿង ​ទុំទាវ​ ក៏​បាន​កែ​ច្នៃ​ឱ្យ​ក្លាយ​ជា​បែបបទ​សិល្បៈ​ផ្សេងៗ ដូ​ច​ជា​ចម្រៀង ល្ខោន​យីកេ និង​ភាពយន្ត យោង​ទៅតាម​ការនិយម​របស់​ប្រ​ជាជន​កម្ពុជា។[8] ស្របនឹង​ការយល់ឃើញខាងលើ ស្ថាប័នពុទ្ធសាសនបណ្ឌិត្យ​បាន​សរសេរអធិប្បាយថា រឿង “ទុំទាវ” ជា​ប្រលោមលោក​មនោសញ្ចេតនាដែល​ជាអមតវណ្ណកម្ម​របស់​ព្រះ​បទុមត្ថេរ ​សោម​ ឬ ព្រះ​ភិក្ខុ ងួន សោម នៅកំឡុង​ទសវត្សរ៍​​១៩១៥។

រឿង ទុំទាវ ​ក៏​បាន​ក្លាយ​ជា​អក្សរ​សិល្ប៍យ៉ាង​មាន​តម្លៃ​នៅ​ក្នុង​ការសិក្សា​នៅ​ថា្នក់​ធម្យម​សិក្សារបស់ក្រសួង​អប់រំ​យុវ​ជន ​និង​កីឡា ដូច​ជា​វណ្ណ​កម្មខ្មែរ​បុរាណ​រឿង​រាម​កេរ្តិ៍​, វណ្ណកម្ម​រាមាយណៈឥណ្ឌាផងដែរ។ ដោយ​ក្រសួង​សិក្សា​សម័យ​ឆ្នាំ​១៩៥៨ ឱ្យ​មានការបង្រៀន​រឿង ទុំ​ទាវ​ ជាអក្សរសិល្ប៍​ទំនើប​តាម​សាលារៀនមធ្យមសិក្សា ​និង​តាម​សាកល​វិទ្យា​ល័យ។​ បន្ទាប់មកនៅ​ក្នុង​ឆ្នាំ​១៩៦០រឿង​ទុំ​ទាវ​​ក៏​មាន​តួនាទី​សំខាន់​សម្រាប់​អក្សរសិល្ប៍​ខ្មែរ​នៅ​សាលា​មធ្យម​សិក្សា។ ​ រហូត​មកដល់ឆ្នាំ​១៩៦៥ កម្មវិធី​សិក្សា​នៃ​អក្សរសិល្ប៍​ខ្មែរ ក៏​បាន​កែសម្រួល​យ៉ាង​ច្រើន​ រហូត​ដល់​មានការដកចេញ​នូវ​វណ្ណ​កម្ម​ និងអក្សរសិល្ប៍ខ្មែរ​ជាច្រើនពីកម្មវិធីសិក្សាសម័យនោះ​ ប៉ុន្តែ​​រឿង ​ទុំ​ទាវ​ នៅ​តែរក្សាទុក ​ព្រោះ​ដោយ​ឃើញ​ភាព​សំខាន់ ​និង​រចនាបទដ៏អស្ចារ្យ​​នៃ​ការ​តែងនិពន្ធ​អក្សរសិល្ប៍ខ្មែរ។ ស្របនឹង បុព្វកថា របស់បណ្ឌិត សំ សំអាង ក្នុង​យីកេ រឿង ទុំទាវ ថា រឿង ទុំទាវ ជាស្នាដៃអក្សរសិល្ប៍មួយដែលមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំងនៅក្នុង​ប្រទេសកម្ពុជា។ ដូច្នេះហើយបានជាគេយករឿងនេះ​មក​បញ្ចូលក្នុងកម្មវិធីសិក្សាអក្សរសិល្ប៍ខ្មែរ និង​រៀបចំផ្ទាំងរឿងល្ខោន និងភាពយន្ត​ជា​ដើម។ រឿង ទុំទាវ ជារឿងមួយដែលបាន​ឆ្លុះបញ្ចាំង​ពីជិវិតរបស់ខ្មែរដែលកាន់ប្រពៃណីបុរាណមាន​ទស្សនៈ “នំមិនធំជាងនាឡិ” និងពីតួនាទីរបស់មាតាបិតា និងបុត្រាបុត្រី​ខ្មែរក្នុងការជ្រើសរើសគូស្រករក៏ដូចជាយុត្តិធម៌ក្នុងសង្គម​ ឬទសពិរាជធម៌ដែលអ្នកដឹកនាំតែងតែផ្តល់ដល់ប្រជានុរាស្ត្រ។ ភស្តុតាង​តាម​រយៈ​តន្ត្រី​ចាប៉ី​ដង​វែងអាច​សន្និដ្ឋាន​បាន​ដែរ​ថា​ រឿង ទុំ​ទាវ ជា​វណ្ណ​កម្ម​យ៉ាង​​សំខាន់​មួយ​ដែល​បាន​កប់​ជ្រៅ​ទៅ​ក្នុង​ផ្នត់​គំនិត​របស់​ខ្មែរ។ ទោះជាយ៉ាងណាក៏ដោយ​ក៏ស្នាដៃអមតៈ​មិន​អាចកាត់ថ្លៃបាន​នេះនៅតែបាន​រក្សាទុកនៅក្នុកម្មវិធីសិក្សារបស់ខ្មែររហូតមកដល់សព្វថ្ងៃដដែល។

ជាងនេះទៅទៀត រឿង ទុំទាវ ត្រូវ​បាន​ផ្សាយមកដល់ប្រទេសជិតខាង​យ៉ាងស្រួលដូច​ជាការ​​បង្រៀន​នៅតាមសាកលវិទ្យាល័យ នៃប្រទេសទាំងនោះ។ ​រឿង ទុំទាវ ក៏​ត្រូវ​បាន​ចម្លង​សម្រាប់​ប្រើ​នៅ​ក្នុងការរៀនភាសាខ្មែរផងដែរ។  លោក ​ពេជ្រ ម្កុដ(Thai: Makuda Kendiew) កុលបុត្រខ្មែរស្រិន្ទ្របានជួប​ប្រទះ​    សាស្ត្រារឿង ទុំទាវ​ ដែល​ជាច្បាប់ដើមពីលោកមេឃុំ​ឈ្មោះ សន្តិ សឺបដ្តី  រស់នៅភូមិ​របោះ ឃុំឈើភ្លើង ស្រុកប្រាសាទ ខេត្តស្រិន្ទ្រ។ លោក ពេជ្រ ម្កុដ ដែល​ជាអ្នកស្រាវជ្រាវ​ឯករាជ្យ​នៅលើទឹក​ដីជួរ​ភ្នំដងរែក បាន​វិភាគ​សំណៅក្រាំងរឿង ទុំទាវ នៅក្នុង​សៀវភៅ “សារានុក្រម​វប្បធម៌ថៃឦសាន” [9]

យោងតាម​ការសិក្សា​ស្រាវជ្រាវ​របស់​លោក ​ពេជ្រ​ ម្កុដ បាន​បង្ហាញ​ពី​ប្រវត្តិ​នៃការវិវដ្ត ​និងការប្រើប្រាស់​ភាសា​ខ្មែរ​នៅ​បណ្តាខេត្តស្រិន្ទ្រ ស៊្រីសៈកេត និង​បុរីរ័ម្យ យ៉ាងក្បោះក្បាយ ដោយពន្យល់ថា កាល​ដើមឡើយ​ប្រជាជន​នៅ​ខេត្តទាំងបី​នេះ​រៀន​ភាសាខ្មែរ (ខម) ជាទូទៅហើយ​អាច​អាន​បាន​សរសេរ​បាន និង​អាចនិយាយភាសាខ្មែរបានយ៉ាងល្អ ហើយមាន​ទំនាក់ទំនង​ជាមួយ​ខ្មែរខាងក្រោម​ក្នុង​ការជូញ​ដូរទៀតផង។ បន្តបន្ទាប់មក​ជនជាតិខ្មែរ​​នៅតំបន់នេះក៏បាន​យក​អក្សរសិល្ប៍ និង​រឿងល្បើកផ្សេង​ៗមកការសិក្សារៀនសូត្រ រួមទាំង​វណ្ណកម្មសម័យ ​វណ្ណកម្មសាសនា និងវណ្ណកម្មភាពយន្ត​​ជាដើម។

ផ្តើមចេញពីប្រវត្តិ​នៃការតែងនិពន្ធ​ច្រើន​ជំនាន់ច្រើន​បែបផ្សេងៗគ្នា នេះ​បាន​ធ្វើឱ្យ​អក្សរសិល្ប៍​រឿង ​ទុំទាវ មាន​ការ​និយម​យ៉ាង​ខ្លាំង​នៅក្នុង​​ស្រទាប់​ប្រជាជន​ខ្មែរ និង​កួយ ដែលរស់នៅ​ប្រទេសថៃ រហូតមាន​ការនាំយក​វណ្ណកម្មរឿង​នេះ​មកសិក្សារៀន​សូត្រ​យ៉ាង​មាន​ប្រ​ជាប្រិយ និង​ទូលំទូលាយ​​ ហើយមានការ​ទន្ទេញ​ចាំមាត់ទៅច្រៀង និទាន ក្នុង​ស្រុកភូមិតំបន់ខេត្តតាមបណ្តាយជួរភ្នំដងរែក ទាំង​នេះ​ក៏​ជាមធ្យោបាយ​មួយ​ក្នុងកាតប្រើ​ប្រាស់​និង​ថែរក្សាភាសាឱ្យបានគង់វង់។

រឿង ទុំទាវ ជា​អក្សរសិល្ប៍​ទំនើបចលនាខេមរនិយម ហើយមានការ​និយមចូលចិត្ត​ចាប់តាំងពីស្រទាប់កសិករ តន្រ្តីករ សិស្សនិស្សិត អ្នកស្រាវជា្រវ និងស្ថាប័ន​អក្សរ​សាស្ត្រក្នុងស្រុក និងបរទេសយ៉ាងទូលំទូលាយ​។  ក្នុងរយៈពេលកន្លងមក​ ដែលការស្រាវជ្រាវ​របស់អ្នកស្រាវជ្រាវដែលមានលក្ខណៈជាបទសិក្សា ​ស្រាវជ្រាវ បទវិភាគ សារណាបទ និក្ខេបបទនៃការសិក្សាអក្សរសិល្ប៍តាមផ្នែក​ផ្សេង​ៗ របស់សិស្សនិស្សិត​អ្នកស្រាវ​ជ្រាវជាតិអន្តរជាតិដូចតទៅនេះ៖[10]

ញ៉ុក ថែម, (គ.ស.១៩៦៥:១០៥៥-១០៥៧)  នៅក្នុងទស្សនាវដ្តីកម្ពុជាសូរិយា ផ្សាយ​ចេញ​ពី​វិជ្ជាសា្ថនពុទ្ធសាសនាបណ្ឌិត្យ លោកបាន​​ដាក់ចំណងជើងថា សាស្ត្រាស្លឹករឹត និង​ក្រាំង ដោយបានបញ្ជាក់ក្នុងសំណេរ​ទស្សនាវដ្តីថា រឿង ទុំទាវ ជារឿងដែល ​សន្ធរ ម៉ុក ធ្លាប់​បាន​និពន្ធ​ជា​ពាក្យកាព្យ​ (បទកាកគតិ ពំនោល ព្រហ្មគីតិ ភុជង្គលីលា) ប៉ុន្តែ​ស្នា​ដៃ​របស់​កវី​នេះ ​រក​មិន​ទាន់​ឃើញ​ទេ។ ឯ​រឿង ​ទុំទាវ របស់​​ព្រះបទុមត្ថេរ ព្រះនាម ​សោម ទើប​តែ​និពន្ធ​ឡើងកាល​ពី គ.ស.១៩១៥  ដែល​កវីរូប​នេះ​បាន​បញ្ជាក់​ថា ច្បាប់​ដើម​មាន​ដែរ តែ​ល្អៀង​ឃ្លៀង​ឃ្លាតតក់​ច្រើន ទើប​លោក​រៀប​រៀង​ជា​ថ្មីជា​ពាក្យ៧។

អេង សុត, សម ថាំង, ហង់ ធន់ហាក់ និងនាង ហ៊ូ, ១៩៦០ បានរៀបរៀងសាស្ត្រារឿង ទុំទាវ ដែលនិពន្ធដោយ សន្ធរ ម៉ុក ដែលបោះពុម្ពដោយ កឹម គី។ សាស្ត្រាចារ្យវិទ្យាល័យស៊ីសុវត្ថិទាំង​បីរូប​នេះ​បាន​ចម្លង​ពីស្លឹករឹត ដែលចារមិនចប់ ហើយ​ស្លឹករឹតនេះ​អាចនឹងចារកាលពីរជ្ជកាលព្រះបាទនរោត្តម (១៨៦០-១៩០៤)​ បានសរសេរថា​ អ្នកចម្លងបោះពុម្ព​បាន​បញ្ចប់រឿងដោយ​យក​ការនិទាន​របស់​ប្រជាជន​មកបញ្ចប់ ដោយមានការដាក់ទោស និង​ប្រហារ​ជីវិតរបស់ស្តេច​ទៅលើអ្នកដែលទាក់ទង​​​នឹងការសម្លាប់របស់ទុំ និង​ទាវ គឺដូច​គ្នា​នឹង​ការ​បញ្ចប់រឿងរបស់ព្រះបទុមត្ថេរ សោម ដែរ។

នៅឆ្នាំ១៩៦៦, អ៊ុក សាម៉ន បានសិក្សាកថា រឿងទុំទាវ ចំពោះការសិក្សារបស់លោក​បានវិភាគ​ប្រភព​អត្ថរស​អត្ថន័យ និង​ស្រង់យកកថា ទស្សនៈផ្សេងៗ​ដែល​ទាក់ទង​នឹងការ​ស្រាវជ្រាវបោះពុម្ពកន្លង​មករបស់អ្នក​​​និពន្ធ ប្រៀបធៀបស្នាដៃអត្ថបទកំណាព្យរបស់ភិក្ខុសោម និង​សំណៅស្នាដៃរបស់ សន្ធរ ម៉ុក ​ជាងនេះ​ទៅទៀតលោក​ក៏បាន​បង្ហាញពីការសន្និដ្ឋានថា រឿង​នេះ​មាន​ពិត​ហេតុការណ៍ពិតរបស់សង្គមខ្មែរ​នាសម័យនោះ​ ហើយសន្មតថាមិន​មែនព្រះ​ភិក្ខុបទុមត្ថេរសោម​ ជាអ្នកនិពន្ធ​ដូចក្នុងអារម្ភកថា​របស់ព្រះអង្គមែន ដោយលោកបញ្ជាក់ថា​ អាចជា​របស់ សន្ធរ ម៉ុក។

Kong Hout និង Chau Seng, នៅ ១៩៧០ បានសរសេរនៅក្នុង​ឯកសារ ជាភាសាបារាំង ដែលប្រទះឃើញ​នៅក្នុង​សៀវភៅវប្បធម៌ និងអរិយធម៌ខ្មែរ ច្បាប់ទី៧ បោះពុម្ពដោយសាកលវិទ្យាល័យព្រះសីហនុរាជ។ George Chigas [11] បាន​បញ្ជាក់ថា  អ្នក​និពន្ធបាន​ប្រែសម្រួលរឿងនោះតាមច្បាប់របស់ សន្ធរ ម៉ុក ​ដោយក្នុង​នោះ​គ្មានភាព​ច្បាស់​លាស់នូវរាល់ទំនាក់នៅក្នុងរឿងទៀតផង។ ដោយបញ្ជាក់ថា គេបានស្គាល់ច្បាស់តែ   ទាវឯក ដែលជាកំណាព្យ និពន្ធដោយ សន្ធរ ម៉ុក ចុងសត្សវត្សទី១៩ ប៉ុន្តែគ្មាន​ឈ្មោះអ្នក​និពន្ធ​នៅលើឯកសារនោះទេ។  យ៉ាងណាក៏ដោយប្រជាជនកម្ពុជាភាគច្រើន​បានដឹងថា រឿងនេះ​ សន្ធរ ម៉ុក​ ជាអ្នកតែងឡើងក្នុង​សត​​​ វសត្សទី១៦។

ឃីង ហុកឌី, (២០០៥:៥-១១), បានសរសេរសៀវភៅចំណងជើងថា “DĀV EK: Intoduction,​​ Traduction annot–e et textes Khmers” ​​​​​​នៅក្នុងសៀវភៅនេះសាស្ត្រាចារ្យបណ្ឌិត​ ឃីង ហុកឌី​ បាន​បង្ហាញ​​ពី​ប្រភព​នៃការសិក្សាស្រាវជ្រាវ និង​អ្នក​បោះពុម្ព​ធ្វើអាជីវកម្មរឿង ទាវឯក ជាច្រើន​ ករណីមិនតែប៉ុណ្ណោះលោកបាន​បង្ហាញ​ពីឯកសារសាស្ត្រាស្លឹករឹត និងក្រាំរឿង ទុំទាវ រឿង ទាវឯក នៅតាម​បណ្តាបណ្ណាល័យក្នុង​ស្រុក​ ​និង​បរទេសទៀតផង។ ជាង​នេះទៅទៀត​លោក​បាន​យក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯកសាររឿង ទាវឯក ដែលសរសេរលើក្រដាស​ចុះបញ្ជីលេខ P.CAMB. ៣២ តម្កល់នៅបណ្ណាល័យ​សាលាបារាំងចុង​បូព៌ាប្រទេស​ក្រុង​ប៉ារីស មកចម្លង​តាមរូបបែបការប្រកបពាក្យតាមច្បាប់ដើម​ និង​ការសម្រួល​កែប្រែសព្ទភាសាតាមភាសាខ្មែរបច្ចុប្បន្ន។

អ្នកសិក្សាស្រាវជ្រាវខាងលើ​សុទ្ធតែ​យល់ស្រប​គ្នា​ថា រឿង​ទុំ​ទាវ ដែល​ត្រូវបាន​គេ​ចង​ចាំ​រហូតមក​ដល់​សព្វថ្ងៃ និង​ត្រូវបាន​គេ​ឱ្យ​តម្លៃ​យ៉ាងខ្ពស់​នៅក្នុងបរិបទអក្សរសិល្ប៍ខ្មែរតាំងពីបុព្វកាលរហូតមក​ដល់         បច្ចុប្បន្ន។  ក្រៅពីសាច់រឿងបានបង្ហាញ​អំពី​ភក្តីភាព​នៃ​គូស្នេហ៍ ទុំ និងទាវ ​រឿង​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ឱ្យ​​ដឹង​អំពី​តថភាព​សង្គម​ខ្មែរ​នា​មុន​សម័យ​អាណាព្យាបាល​បារាំងដែល​​ក្នុងនោះ​អាច​ធ្វើឱ្យ​គេ​ដឹងថា វត្ត​អារាមបានរួមចំណែក​យ៉ាងទូលាយដូចជាមជ្ឈមណ្ឌល​​វប្បធម៌  និង​ជា​ថ្នាលបណ្តុះ​បណ្តាល​ហ្វឹកហាត់​វិជ្ជាជីវៈ ដោយហេតុតែទុំ និងពេជ្របាន​បួស និងសិក្សា​នូវ​វិជ្ជា​នានា​មានដូចជា​ធម៌អាថ៌ ស្មូត្រ ច្បាប់ សីលធម៌និង វិជ្ជា​ខាង​ជំ​នាង សិល្បៈ​ ពាណិជ្ជកម្ម ជាដើមនៅក្នុង​វត្ត​អារាម​។

ប្រជាប្រិយភាព​ និង​តម្លៃដ៏មហិមាមិន​អាចកាត់ថ្លៃបាន​នៃស្នាដៃអមតៈរឿង ទុំទាវ ក្រៅពីអ្នកសិក្សាស្រាវជ្រាវបាន​ផលិត​ជាឯកសារសម្រាប់ប្រើប្រាស់ក្នុងការសិក្សា​ និងបញ្ចូលក្នុងកម្មវិធីសិក្សា យើង​ក៏ឃើញមាន​ការយករឿងនេះ​ទៅបោះពុម្ពចែកផ្សាយ​ និង​ធ្វើ​អាជីវកម្មជាភាសាខ្មែរ និងភាសាបរទេសជាច្រើន​ករណី​  ដូចជា៖

-​ នូ កន “ទាវឯក” បោះពុម្ពឆ្នាំ១៩៤៩, ភ្នំពេញ ចំនួន៥ភាគ

-​ លាង ហាប់អាន “សិក្សាពីទុំទាវ” បោះពុម្ពឆ្នាំ១៩៥៦, ភ្នំពេញ

-​ សោម(ភិក្ខុ) “ទុំទាវ” បោះពុម្ពឆ្នាំ១៩៥៩, ភ្នំពេញ, ពុទ្ធសាសនបណ្ឌិត្យ

-​ អេង សុត, សម ថាំង, ហង់ ធន់ហាក់, នាង ហ៊ូ (អ្នកនិពន្ធផ្ទៀង​ផ្ទាត់ និង​កែសម្រួល), “សាស្ត្រា ទុំទាវ, របស់អ្នក​និពន្ធ សន្ធរ ម៉ុក”, បោះពុម្ពឆ្នាំ១៩៦០, ភ្នំពេញ, (អត្ថបទមិនចប់​ហើយ​យក​អត្ថបទ​ភិក្ខុសោម​មកសរសេរ​បញ្ចប់)​។

-​ អ៊ុក សាម៉ន “សិក្សាកថារឿង​ទុំទាវ” បោះពុម្ពឆ្នាំ១៩៦៦, បណ្ណាគារភ្នំពេញ

-​ គង់ សម្ភារ “ព្រះបទុមត្ថេរសោម​អ្នក​និពន្ធសតវត្សទី១៩” បោះពុម្ពឆ្នាំ១៩៧១, ភ្នំពេញ

-​ ប៊ីវ ឆៃលាង, ឆ្នាំ១៩៧២  លោកប៊ីវ ឆៃលាង បានផលិតរឿង “ទាវឯក” នៅក្នុងផលិតកម្មឥន្រ្ទទេវី កាលនោះ ​ទាវឯក  គឺជាខ្សែ​ភាពយន្តខ្មែរមួយដែលល្អផ្តាច់គេរបស់ផលិតកម្មនេះ ហើយខ្សែភាពយន្តមួយនេះខុសពីរឿងទុំទាវ ព្រោះជាស្នាដៃនិពន្ធរបស់អ្នកឧកញ្ញ៉ាវិបុលរាជសេនា​ នូ កន ដោយយកលំនាំខ្លះតាមរឿង ​​ ទុំទាវ។

-​ អ៊ុត រឿន “រឿង ទុំទាវ ដោយរូបភាព” បោះពុម្ពឆ្នាំ​១៩៨៨​, ភ្នំពេញ, គ្រឹស្ថានបោះពុម្ពផ្សាយយុវជន

-​ យិន វ៉ានថា “បទអត្ថាធិប្បាយរឿង​ ទុំទាវ, បោះពុម្ពឆ្នាំ១៩៨៩, គ្រឹះស្ថានបោះពុម្ពផ្សាយអប់រំ។

-​ រស្មីហង្សមាស, ឆ្នាំ២០០០​ ជាក្រុមហ៊ុន​ផលិតបទចម្រៀង ធំជាងគេនៅកម្ពុជាបាន​ផលិតរឿងទុំទាវ ជាស៊ីឌីចម្រៀង (Audio CD និង Video CD) មានចំណងជើងថា “ស្នេហាទុំទាវ” វ៉ុលទី៧៣ និង ៤៣។

-​ ផលិតកម្ម SSB ឆ្នាំ២០០៣ បានផលិតជាភាពយន្ត ៣៥ មីលីម៉ែត្រ ភាពយន្ត​    ផលិត​ថ្មីនេះ​យករឿង ទុំទាវ របស់ព្រះ​បទុមត្ថេរ សោម។

-​ George V. Chigas “TUM TEAV: A Translation and Analysis of Cambodian​Literary Classic” មជ្ឈមណ្ឌលឯកសារកម្ពុជាបាន​បោះពុម្ពឆ្នាំ ២០០៥, ភ្នំពេញ, ដោយមាន​ ISBN-10: 99950-60-01-9 ​

លសខអ​-១០:៩៩៩៥០-៦០-០១-៩ ។

-​ KHING Hoc Dy, “DĀV EK: Intoduction, Traduction annot–e et textes Khmers”​ (ទាវឯក) បោះពុម្ពឆ្នាំ២០០៥, បណ្ណាគារអង្គរ, ភ្នំពេញ

-​ អ៊ឹង លាងគឹម “រឿងទុំទាវ អត្ថបទរឿងអមដោយរូបភាព” បោះពុម្ពឆ្នាំ២០០៥,  ពិនិត្យឡើងវិញដោយ ខ្លឹង រតនា គំនូរដោយ ខាត់ ពុធមាឃរ៉ា។ នៅលើទំព័រ​អារម្ភកថាចុះថ្ងៃ​ពុធ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០០៥ ហើយការបោះពុម្ព​នេះ​មិន​បាន​បញ្ជាក់ឈ្មោះរោង​ពុម្ព​នោះទេ។

-​ ឆេង ផុន, ពេជ្រ ទុំក្រវ៉ិល, វណ្ណ ស៊ុនហេង, បោះពុម្ពឆ្នាំ២០០៧ ល្ខោនយីកេរឿងទុំទាវ គ្មាន​ឈ្មោះគ្រឹះស្ថានបោះពុម្ព។ លោ្ខនយីកេ នេះមាន​ចំនួន ៥ ឆាកធំៗ (មុខឆាក)។

- គង្គ ប៊ុនឈឿន “រឿងទុំទាវ” បោះពុម្ពឆ្នាំ២០១០, បោះពុម្ពផ្សាយដោយ​បណ្ណាល័យឆពណ្ណរង្សី នៅក្នុងស្នាដៃនេះ​លោក​គង្គ​ប៊ុនឈឿន​បាន​រៀបរៀង​ជាអត្ថបទពាក្យរាយតាមលំនាំវណ្ណកម្មទំនើបដើម្បីឱ្យងាយយលស្តាប់បាន ហើយបញ្ជាក់សាច់រឿងតាម​វគ្គ​ចំនួន១១ វគ្គ។

-​ គឹមស៊ុន សុធារី “រឿងទុំទាវ” បោះពុម្ពឆ្នាំ២០១១, លោកស្រីបានរៀបរៀងរឿង  ទុំទាវ ប្រកប​ជាមួយរូបភាពព័ណ៌ធម្មជាតិ​ជា​អត្ថបទ​ពាក្យរាយ​ ដោយមាន​បកប្រែ​ជា​ភាសាអង់គ្លេស​ទៀតផង។

២.​ លក្ខណៈពិសេសនៃវណ្ណកម្មរឿងទុំទាវ លើទឹកដី សុរិន្ទ និងស្រ៊ីសៈកេត

វណ្ណកម្មរឿង ទុំទាវ មាន​ការសិក្សាស្រាវជ្រាវ និង​ផលិត​យ៉ាងរីកស្គុះស្គាយ​ ដោយបង្ហាញ​ពីរូបបែប ​ផ្សេងៗ។ នៅក្នុងអត្ថបទសិក្សា​នេះ​យើងក៏បាន​ឃើញ​លក្ខណៈពិសេសផ្សេងទៀត​របស់​រឿងទុំទាវ ដែល​ជាក្រាំង​តម្កល់ទុក​នៅ​លើទឹកដី​ស្រិន្ទ្រ​ ស្រ៊ីសៈកេត ហើយ​បាន​ចាត់ទុក​ជាវណ្ណកម្មល្អ​ឯក​ក្នុងការបង្ហាញពី​លក្ខណៈ

សង្គមខ្មែរសម័យកាល​នោះ។​  ទន្ទឹម​និង​នេះ​ដែរ​សាច់រឿង​ក៏​បាន​បង្កប់​នូវ​មរតក​ដួងចិត្តស្នេហា​ស្មោះស្ម័គ្រ​មួយ​គូ​ដល់​ប្រជា​ជាន​ថៃ ដើម​កំណើតខ្មែរ​នៅលើទឹក​ដី​បាន​ជាមេរៀន​ជាគម្រូ​ទាំង​ផ្នែក ភាសា ទំនៀម​ទម្លាប់​ប្រពៃណី សាសនា រហូតរួមទាំង​ការប្រើប្រាស់ភាសាទៀតផង។

ក្រាំង​រឿងទុំទាវ ដែល​បាន​ចារឡើង​វិញ​ដោយ​មេឃុំ ស័ន្តិ សឺបដ្តី[12] ច្បាប់​នេះ​ពិត​ជា​ការបង្ហាញ​នូវ​ភូមិ​បញ្ញារបស់ជន​ជាតិ​ខ្មែរ​ដែល​បាន​ថែរក្សាភាសា និង​វប្បធម៌​ជាតិ​យ៉ាង​ពិត​ប្រាកដ។ នៅក្នុងសំណេរ សាច់រឿង​ពីដើម​ដល់ចប់​គឺ​ជា​លក្ខណៈកាព្យ​ពាក្យ៧ ប្រើភាសាខ្មែរ​ អក្សរមូល និងអក្សរជ្រៀង ក្នុងការចារ។ ចំពោះ​រចនាបទ​​  សំណេរ ក្រាំង​ច្បាប់នេះ​សរសេរដោយ​ប្រើលក្ខណ៍ភាសាខ្មែរ​សតវត្សទី១៨ គឺមាន​ការប្រើពាក្យ​ស្រដៀង​នឹង សិលាចារឹកហាន់ជ័យ។ ប៉ុន្តែ​ទោះបី​ជាការសរសេរ​បែប​ណាក៏ដោយ​យើង​ក៏នៅតែមាន​មោទកភាព​លើ​ភូមិបញ្ញាចំណេះដឹងរបស់អ្នក​ចារចម្លង​យ៉ាងខ្លាំង ព្រោះ​ខ្លឹមសារសំណេរ ទាំង​មូល​បាន​បង្ហាញឱ្យយើងដឹង​ថា ចំណេះដឹងរបស់អ្នក​ចារ​ពិត​ជាច្បាស់លាស់ បើទោះ​ជាមាន​ពាក្យមួយ​ចំនួន​តូ​ច​លាយលំ​នឹង​សំនៀងភាសាថៃក៏ដោយ។

ម្យ៉ាងទៀត ក្រៅ​ពី​សំណេរ​ទាំង​នេះ​យើ​ង​ឃើញ​ថា បង​ប្អូន​តន្ត្រីករ អ្នក​ស្មូត្រ អ្នកច្រៀងព្រឺន អ្នក​ចាប៉ីដង​វែង​បាន​ចេះ​ចាំ​យ៉ាង​ច្បាស់លាស់ ហើយ​បាន​លើកយក​រឿង​ ទុំទាវ ទៅសម្តែង និយាយ​កែអផ្សុក យ៉ាងមាន​ប្រ​ជា​ប្រិយរបស់មនុស្ស​វ័យចំណាស់។ ហើយផ្ទៃរឿងទាំងមូល​ក៏​មាន​ការនិទាន​បកស្រាយ​ទៅតាមការចងចាំតែរៀងៗខ្លួន ដូចជា​ក្នុងក្រាំង​នេះ​ បាន​បង្ហាញការផ្តើមរឿងខុសល្អៀងពី ទុំទាវ របស់ព្រះបទុមត្ថេរសោម ហើយបាន​បង្ហាញ​ឈ្មោះម្តាយទុំឈ្មោះនាង ខារ ដែលមានបរិបទស្រដៀងគ្នា និងការច្រៀងព្រឺនរបស់យាយពត[13] រីឯភាពប្លែកផ្សេងទៀត គឺន័យសេចក្តី​របស់រឿងទុំទាវ របស់លោកតា ជាមជុំ សែងចន្ទ្រ[14] ដែលប្រគំជាមួយ​​      ឧបរណ៍ទ្រ និងឈើប៉ី  នោះជាមានលក្ខណ៍ខុសពីទុំទាវ ខាងដើមដោយ​ ទុំ មានម្តាយ​ឈ្មោះយាយផាន់ នាងទាវ​ ម្តាយឈ្មោះ​នាងជិនបុប្ផា ហើយដំណើររឿងគឺទុំ និងទាវ ផ្សំផ្គុំគ្នាពីតូច ជាដើម។

ទោះជាយ៉ាងណាក៏ដោយភាពប្លែកគ្នានេះបាន​ក្លាយ​ជាសារ​មួយបង្ហាញថា រឿង​ទុំទាវ ពិត​ជា​មាន​តួ​នាទី យ៉ាង​សំខាន់ក្នុងការថែរក្សាភាសា វប្បធម៌ និងសង្គមខ្មែរ​នៅលើទឹកដី​នេះយ៉ាងល្អដោយបង្ហាញតាមរយៈការចងចាំ និង​ការនិយមចូលចិត្ត​របស់មនុស្ស​ខ្មែរ​ជំនាន់នោះ។

 ៣.​ បម្លាស់ប្តូរសង្គម និងភាសា

ដូចដែល​បាន​ជម្រាបមកខាង​ដើម មនុស្សខ្មែរ​នៅលើទឹក​ដី​នេះ​កំពុងក្លាយជា​ ជន​ជាតិភាគ​តិច​លើទឹកដីរបស់ខ្លួន ហើយភាសាដើមរបស់​ពួកគាត់ក៏​នឹង​កំពុង​តែ​បាត់បង់បន្តិច​ម្តងៗ ទៅ​តាមស​ង្គម​ស៊ីវិល័យ​ដែល​ពួកគាត់កំពុង​ នឹងភ្លេចខ្លួន។ លំហូរចូល​នៃចរន្ត​វប្បធម៌​បរទេស គួបផ្សំ​និង​វប្បធម៌ថៃ ធ្វើឱ្យ​មនុស្ស​ជំនាន់ក្រោយ​មិន​បាន​យល់ដឹង​ភាសាខ្មែរ ភាសាបុព្វបុរសរបស់​ពួកគេជាមិនខាន។ នៅតាមគ្រួសារខ្មែរ​ទាំង​ស្ទើរតែ​ទាំង​អស់​នៅលើទឹក​ដី​មិន​បាន​បង្រៀន​កូន​ចៅ​ខ្លួន ឬ​ថែរក្សា​សិល្បៈ វប្បធម៌ភាសាខ្មែរ​ឱ្យបាន​ពេញលេញ​ទេ ភាសាខ្មែ​ហាក់បី​ដូច​មាន​តែ​នៅ​តែក្នុងក្រអូមមាត់ និង​ខួរក្បាល​មនុស្ស​ខ្មែរដែល​វាយ​ចំណាស់​ប៉ុណ្ណោះ។

ភាសា និងសិល្បៈវប្បធម៌ខ្មែរ​ ដែល​មានសេសសល់​នៅលើទឹក​ដី​នេះ​​តិចតួច​ណាស់។ ភាសាខ្មែរ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុងកម្មវិធី​សិក្សា​ថ្នាក់​មូលដ្ឋាន​បាន​តាម​សាលា​រៀន​ខ្លះៗ ប៉ុន្តែ​សិល្បៈ​របាំ ឬតន្ត្រី​វិញ​នៅ​មិន​ទាន់​បាន​បញ្ចូល​ជា​ផ្លូវការ​នៅឡើយ ប៉ុន្តែ​ក៏​អាចចាត់ទុកជាតន្ត្រី​ ដែល​មាន​ការនិយម​ផង​ដែរ​ដូច​ជា កន្ទ្រឹម ច្រៀងព្រឺន របាំត្រុដ និង​របាំអង្រែ។ របាំ និងចម្រៀងទាំង​នេះ​ត្រូវ​បាន​ចាត់ទុក​ជាសិល្បៈ​អ្នកស្រុកភូមិ នៃប្រជាជន​ជាតិខ្មែរលើដែលរស់នៅលើទឹកដី​នេះ។ ចំណែក​ជំនឿសាសនា​វិញ​មនុស្សខ្មែរនៅលើទឹក​ដី​នេះ​បាន​​បារព្ធ​ពិធីកម្មមួយចំនួន​ដូចជា លៀងអារ័ក្ស សែនការ កោជុក និងពិធី​សែនដូនតា (បុណ្យភ្ជុំបិណ្ឌ) ជាដើម។ ជាង​នេះ​ទៅទៀត​គេបាន​ចាត់ទុកថា សិល្បៈទាំង​នេះ​គ្រាន់តែប្រើសម្រាប់ពីធីកម្ម​តែប៉ុណ្ណោះ។ [15]

ជីវិតខ្មែរ នៅលើទឹកដីនេះ និង​បងប្អូន​ប្រជាជនខ្មែរ អ្នកតន្រ្តី និង​ព្រះ​សង្ឃមាន​ទំនាក់ទំនង​គ្នា​ជា​លក្ខណៈ​ប្រពៃណី​រហូត​មិនបាន​ធ្លាប់គិត​ថា ម្នាក់ៗ​រស់​នៅ​លើសីមា អាណាចក្រពីរផ្សេងគ្នាឡើយ។ លោក សន្តិ សឺបដ្តី ដែល​ជា​អ្នក​ចំណារស្លឹករឹតភាសាខ្មែរ​វ័យ​៨១ ឆ្នាំ​បាន​បង្ហើ​ប​ពី​ប្រវត្តិ​នៃការថែរក្សា​ភាសាអក្សរសាស្ត្រខ្មែរថា លោកតា ​បាន​ចេះ​ចាំ​ភាសាខ្មែរយ៉ាង​ស្ទាត់ជំនាញ​តាមរយៈស្លឹករឹតទាំង​ឡាយ​ដែល​ព្រះ​សង្ឃខ្មែរក្រោម(ខ្មែរ​កណ្តាល) បាន​យក​មកឱ្យរៀន។ កាល​នោះ​មាន​តែ​អ្នក​បួសរៀន​ទេ​ដែល​អាចសរសេរ​និង​ប្រើ​ប្រាស់​ និងនិយាយភាសាខ្មែរច្បាស់មិនក្លាយ រីឯអ្នក​ដែល​មាន​វ័យ​ចំណាស់​លោកតា កាលពីសម័យ​នោះ​មិនបាន​ចេះ​ចាំសរសេរបាន​ទេ ចេះនិយាយ​បាន​ហើយ​ពាក្យខ្លះ​ក៏​និយាយ​បែប​ប្រែ​ជាភាសាសៀមទៅវិញដើម្បីសម្រួល​ការ​ទំនាក់ទំនង។

នៅក្នុងកំលុង​ទសវស្ស ១៩២០ នៅតំបន់នេះ​មានការរៀនសូត្រ​តាម​តែ​ស្លឹករឹតដែល​ជាអក្សរសិល្ប៍ និង​និទាន​ប៉ុណ្ណោះ។ តាមរយៈការស្រាវស្តីពី​ ​អមតៈវណ្ណកម្មរឿងទុំទាវ ​ដែល​ជួបប្រទះជាស្លឹករឹត និងក្រាំងទាំងអស់យើងក៏បា​ន​បង្ហាញ​នូវ​សមតិកម្មថ្មីដែល​ស្ថិតក្នុង​ការមើលរំលងនាពេលកន្លងមក។ ស្លឹករឹតទាំង​អស់​នេះ​ បាន​បង្ហាញ​សំណេរប្លែកៗ ដែលយើងចាត់ទុកថា ជាស្នាដៃយ៉ាងល្អឯក​មួយ​ដែល​មាន​អត្ថន័យ និងអត្ថរស សិល្បវិធី​នៃ​ការតែង​និពន្ធ​ខុស​ប្លែក​ពី​ទុំទាវ​ដែល​ធ្លាប់មាន​នៅ​លើទឹកដី​នៃ​ប្រទេសកម្ពុ​ជា។ តាមរយៈការសិក្សាស្រាវជ្រាវ ការប្រៀបធៀប ការស្វែងរក​ប្រភព​នៃការចម្លង​ស្លឹករឹត​រឿង​នេះ​ យើង​ក៏​បានវាយតម្លៃ​យ៉ាង​ម៉ត់ចត់​លើស្នាដៃមួយ​នេះ​ថា ស្នាដៃដែល​បាន​ចម្លង​ចេញ​ពីស្លឹករឹត​ភាសាខ្មែរ។

យ៉ាងណាក៏ដោយ អមតៈវណ្ណកម្មរឿងទុំទាវ នៅលើទឹកដី​នេះ​ដែល​បា​នចារ​ជាស្លឹក​រឹត​ដោយលោកមេឃុំ សន្តិ សឺបដ្តី បាន​បង្ហើប​ឱ្យយើងបាន​ដឹងថា ស្នាដៃសាស្ត្រ​នេះ​ជា​ទឹកដៃដែលចារ​ដោយ​លោកតា​ផ្ទាល់កាល​លោកតាបួសរៀន​ជាសាមណេរ​នៅ​វត្តកណ្តាល ស្រុកប្រាសាទ ហើយបាន​ជួយ​ចារ​បញ្ចប់ដោយ​ព្រះតេជគុណ​មួយ​អង្គផ្សេងទៀត។ លក្ខណៈភាសាដែលប្រើក្រៅពីការប្រើភាសាខ្មែរសតវត្សទី១៨ យើងឃើញមាន​ការប្រើប្រាស់ការកត់សូរភាសាខ្មែរតាមសំនៀងថៃខ្លះ ជាពិសេសស្លឹករឹត​ភាសាខ្មែរ​ដែល​បាន​ទទួលពីវត្តនៅក្រុងបាងកក ដែល​ជាប្រភេទស្លឹករឹដែលយកភាសាថៃមក​កត់សូរភាសាខ្មែរ។ ទាំងនេះ​ជាការបញ្ជាក់ថា ជនជាតិខ្មែរដែលចារស្លឹ​ករឹតមាន​ចំណេះដឹងខាងផ្នែកអក្សរសាស្ត្រ​​ទាំង​ពីរភាសាបាន​យ៉ាង​ស្ទាត់ជំនាញ។

ចំពោះវប្បធម៌ទំនៀមទម្លាប់ផ្សេងៗដែល​បង​ប្អូនខ្មែរ​បាន​នឹងនៅប្រកាន់ខ្ជាប់នោះ​ក៏ហាក់តាមលំអាន គម្ពីរទាំងអស់​នេះ ដូច​ជាការបង្រៀនភាសាខ្មែរតាមរយៈសាស្ត្រា ការចម្លងក្បូនគម្ពីរថ្នាំបុរាណ ក្បួន​ប្រពៃណី​បុណ្យទាន​ផ្សេងៗ ដែល​កំពុងតែ​បន្តធ្វើរហូតកដល់សពថ្ងៃ។

ផ្ទុយទៅវិញភាសាខ្មែរ​ដែល​ធ្លាប់​បាន​រៀន​សូត្រ​ចង​ចាំ​ពី​បង​ប្អូន​ខ្មែរ​នៅ​សម័យនោះ​ហាក់​គ្មាន​វិធី​ណា​មួយ​ដែល​អាចបន្តវេន​បាន​គង់វង់​នោះទេ។ យើង​សង្កេត​បាន​ថា ភាសាខ្មែរ​ដែល​បាន​ចារ​លើ​ស្លឹក​រឹតផ្សេងៗដូច​ជារឿងទុំទាវ ជាដើម​ជា​ភស្តុតាង​បញ្ជាក់មួយ​ថា ខ្មែរ​ទោះ​បី​នៅ​ក្រោម​គំនាប​នៃការ​ជិះ​ជាន់ពី​បរទេស និង​ការរៀន​សូត្រ​ភាសាជាតិ​របស់​ផង​ខ្លួន​ក៏ន​ពួកគាត់​មាន​ឱកាស​បាន​រៀន​បាន​សិក្សា​យ៉ាង​ត្រឹមត្រូវ​ពី​ព្រះ​សង្ឃវត្ត​អារាម គម្ពីរភាសាខ្មែរ ហើយ​បាន​ចារ​ចម្លង​រៀន​សូត្រ​ជាបាន​យ៉ាង​មាន​បែបបទ។ ចំណែក​យុគសម័យសាកលភាវូបនីយកម្មដែលធ្លាប់តែនៅឆ្ងាយពីការយកចិត្តទុកដាក់នោះ​បាន​ឃ្លាតពីការប្រើប្រាស់ ឃ្លាតពីជីវិតរស់នៅ​របស់ខ្មែរ​នៅតំបន់នេះ ក៏ដូចជាវណ្ណកម្មរឿង ទុំទាវ បាន​ចងចាំតែខ្មែរវ័យចំណាស់ប៉ុណ្ណោះ។

ភាសាខ្មែរក៏​បាន​បាត់រលត់ទៅ​ពីជីវិត​ខ្មែរ​ជំនួសដោយភាសាជាតិមួយផ្សេងទៀត នៅពេល​ដែលខ្មែរ​បាត់ភាសា សិល្បៈវប្បធម៌ និង​សង្គមខ្មែរ​ក៏​បាន​ហើរប្រែព័ណ៌​សាបរលាបអស់ពីជីវិតខ្មែរ ហើយខ្មែរក៏ត្រូវបាត់បង់ជាតិកំណើត​បាត់បងជីវិតខ្មែរ​ចេញពីទឹកដីនេះ។ ពាក្យស្លោកបូរាណ​ខ្មែរ “ភាសារលត់ជាតិរលាយ ភាសាពណ្ណរាយ​ជាតិថ្កើងថ្កាន” ពិត​ជាកំពុងខិតមកចូលក្នុងសម្បជញ្ញនៃសហមគន៍ជនខ្មែរដែលកំពុងរស់​នៅលើទឹកដី​នេះ​ ហើយកំពុងទាញទម្លាក់ភាសា និងវប្បធម៌ជាតិមួយនេះចេញពីផ្នត់គំនិតរបស់ពួកគេដោយមនុស្សជំនាន់ក្រោយ។ បណ្តាគម្ពីក្បួនខ្នាតទាំង​ឡាយ​ក៏ត្រូវបាន​បំផ្លិចបំផ្លាញ​បន្តិចម្តងៗ តាមរយៈការធ្វើអាជីវកម្ម ជំនឿហូសហេតុ ខ្វះការថែរក្សាពិតប្រាកដ។

សេចក្តីសន្និដ្ឋាន

ឆ្លងតាមការបកស្រាយពីមូលហេតុផ្សេងៗ​ដែល​ជាកក្តា​នាំឱ្យ​ភាសា និងវប្បធម៌ខ្មែរ​នៅទីលើទឹកដី​ខេត្តសុរិន្ទ្រ៍ និងស៊្រីសៈកេតបានបាត់បង់ទៅ វណ្ណកម្មអមតៈរឿងទុំទាវ ដែល​ជាអក្សរសិល្ប៍មាន​តួ​នាទីយ៉ាង​សំខាន់​ក្នុងការបង្រៀនជនជាតិខ្មែរ ដែល​ប្រាកដ​ស្លឹករឹត​នៅលើទឹកដី​នេះ​ បាន​បង្ហាញ​ឱ្យយើងសន្និដ្ឋាន​បាន​ថា កន្លងមក​បង​ប្អូន​ជនជាតិខ្មែរ​ ដែល​ជាប់គាំង ឬ​ត្រូវ​កំនែន​មកប្រទេសថៃ ការប្រមូលក្បួនគម្ពីរសាស្ត្រាផ្សេងៗរបស់​កងទ័ពថៃ សម័យដែលថៃគ្រប់គ្រងខ្មែរ និងសម័យ​លោកម្ចាស់ គឺ​ជាការមួយ​ដែល​មានការផ្សព្វផ្សាយសិល្បៈវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី និងភាសាមកលើទឹកដី​នេះ​យ៉ាងទូលាយ​រហូត​ មានពាក្យខ្មែរ​នៅក្នុងភាសាថៃ​ច្រើនសន្ធឹកសន្ធាប់ តាំង​ពីរាជសព្ទរហូតដល់ពាក្យខ្មែរបូរាណ និងភាសាខ្មែរសាមញ្ញ។ [16]

មូលដ្ឋានសម្ភារៈ និង​វប្បធម៌បច្ចឹមប្រទេសបាន​វាយ​លុកមកលើភាសាខ្មែរ​រហូតខ្មែរមិនបាន​នឹកនាដល់ភាសាជាតិរបស់ខ្លួន ហើយរស់ពឹងផ្អែកលើការប្រើប្រាស់ភាសាជាតិថៃ។ ម្យ៉ាងទៀតទង្វើដែលគ្មានការយកចិត្តទុកដាក់លើកស្ទួយ​ទាំង​ទឹក​ចិត្ត​និងសម្ភារធ្វើឱ្យ​សិល្បៈ សង្គម វប្បធម៌ និងភាសាខ្មែរ​ដែល​សេសសល់នៅបន្តិចបន្តួច និងកំពុងសម្ងំពូន​នៅតាមជីវិតខ្មែរ​វ័យចំណាស់ និង​បណ្តាវត្តអារាម​នានា ហើយនឹង​បានរលត់ពីព្រលឹងខ្មែរ​នៅថ្ងៃណាមួយ​ជាមិនខានឡើយ។

ដូចនេះ​ដើម្បី​ជាមធ្យោបានយជម្រុញ ដាស់តឿន​ ក៏ដូចជាការផ្តល់ជាអនុសាសន៍ល្អ​ៗ សូមឱ្យខ្មែរ​ដែល​រស់នៅលើទឹកដីខ្មែរ​មេត្តា​ជួយលើកស្ទួយ​គាំពារ ពន្លឿនសកម្មភាព​ថែរក្សាមរតកវប្បធម៌នេះឱ្យបាន​គង់វង់​ជាមួយ​ជីវិតខ្មែរ​នៅ​បរទេសផង ហើយ​ក៏សំណូមពរដល់​អ្នកជំនាញ​ភាសា សិល្បវប្បធម៌ខ្មែរ មេត្តា​ជួយ​ជ្រោម​ជ្រែងលើកិច្ចការបីបាច់ថែរក្សាព្រលឹង វប្បធម៌ និងភាសាខ្មែរ​ដែល​ស្ទើរតែដាច់ជីវិត​ពី​ប្រជាជន​ជនជាតិខ្មែរ​លើទឹកដី​នេះ​ឱ្យ​បាន​បន្តរស់ឡើងវិញ​លើខឿនវប្បធម៌ដ៏រុងរឿងមួយនៅលើឆាកអន្តរជាតិ៕


ឯកសារពិគ្រោះ

[1]ត្រឹង ងា, (១៩៧៥:៥៥)​, “អរិយធម៌ខ្មែរ ថ្នាក់ទីបញ្ចប់”

[2]  (ម.ត្រាណេ, (២០០៨:៦៦), “អំពីប្រភពវប្បធម៌ខ្មែរ”

[3] វ៉ាន់ ឌីកាអុន, ១៩៧៣:rfi

[4] ត្រឹង ងា, (១៩៧៥:៦៣)​ វប្បធម៌ខ្មែរ

[5] លោកយាយ​សាយថង, (២០១១:បទសម្ភាសន៍)

[6] សមាគមភាសា និងវប្បធម៌ខ្មែរស្រិន្ត្រ, ២០១០:របាយការណ៍

[7] អានៈ ការសិក្សាការវិវត្តន៍អក្សរសាស្ត្រខ្មែរ ដោយ ឌ. គាម ទំព័រ ៣១-៣៤

[8] Alex​ Hinton,(១៩៩៨:៣៥២)

[9] “សារានុក្រម​វប្បធម៌ថៃឦសាន” (គ.ស.២០០៣,  ភាគ ៥ ទំព័រ១៤៤៤-១៤៤៦)

[10] អាន៖ របកគំហើញអមតវណ្ណកម្ម រឿងទុំទាវ នៅលើទឹកដី ស្រិន្ទ្រ និងស៊ី្រសៈកេត​រាជាណាចក្រថៃ

[11] George Chigas, (២០០៥:២១),​ Tum Teav: A​ study of Cambodian Literary Classic

[12] អតីមេឃុំ នៅឃុំឈើភ្លើងស្រុកប្រាសទ ខេត្តស្រិន្ទ្រ  លោកតាអ្នកចារចម្លងរឿងទុំទាវ ពីស្លឹករឹតភាសាខ្មែរ

[13] តន្ត្រីការិនី ព្រឺន និងអាយ៉ៃ អាយុ៨៥ រស់នៅស្រិន្ទ្រ

[14] តន្រ្តីករ ចាប៉ីដងវែង និងទ្រ នៅស្រុកគោកស្អាត ខេត្តស៊្រីសៈកេត

[15] សៀវភៅព្រះកិត្តិយស ព.ស. ២០០១ ទំ. ៣៥

[16] សាន្តិ ភ័ក្ឌីខាំ “ពាក្យកម្ចីខ្មែរក្នុងភាសាថៃ”

—————————————————————————————————————————————

ឌឹក គាម.           : សិក្សាការវិវដ្ដនៃអក្សរសាស្ត្រខ្មែរ, គ្មានការបរិច្ឆេទ

ត្រឹង ងា,            : អរិយធម៌ខ្មែរ ថ្នាក់ទីបញ្ចប់, (១៩៧៥:៥៥)​,

បទសម្ភាសន៍     : លោកយាយ​សាយថង, ២០១១

ប៊ី ឆៃលាង, (១៩៧២), ទាវឯក (ខ្សែភាពយន្ត ផលិតកម្មឥន្ទ្រទេវី), ភ្នំពេញ

ម.ត្រាណេ         : វប្បធម៌ខ្មែរសុរិន្ទរ៍, ២០០៤

របាយការណ៍     : សមាគមភាសា និងវប្បធម៌ខ្មែរស្រិន្ត្រ, ២០១០

សាន្តិ ភ័ក្ឌីខាំ       : ពាក្យកម្ចីខ្មែរក្នុងភាសាថៃ, ២០០៦

: សៀវភៅព្រះកិត្តិយស ព.ស. ២០០១

វ៉ាន់ ឌីកាអុន       : វិភាគអក្សរសិល្ប៍, http://www.rfi.fr

រស្មីហង្សមាស, (២០០០) ស្នេហាទុំទាវ, (Audio CD and Video CD Karaoke),​ ភ្នំពេញ

សារានុក្រម​វប្បធម៌ថៃឦសាន, គ.ស.២០០៣

អ៊ុក សាម៉ន, (១៩៦៦), សិក្សាកថារឿងទុំទាវ, ភ្នំពេញ

អេង សុត, សម ថាំង, ហង់ ធន់ហាក់ និងនាង ហ៊ូ, (១៩៦០), សាស្ត្រាទុំទាវ (សន្ធរម៉ុក), ភ្នំពេញ

SSB Production, (២០០៣), ទុំទាវ, (ភាពយន្ត៣៥មីលីម៉ែត្រ ប្រវែង១០៥នាទី), ភ្នំពេញ

Alexander Laban Hinton​, : 1998, A Head for an Eye: Revenge in the Cambodian,

Genocide. American Ethnologist.

George Chigas : 2005, Tum Teav: A​ study of Cambodian Literary Classic

 

ពាក្យ​គន្លឹះ៖ , , , ,

 
តាមដាន

Get every new post delivered to your Inbox.

Join 920 other followers